និមិត្តសញ្ញាតំណាងនៃការប្រកួត MPL Cambodia 2021 ដែលនឹងត្រូវធ្វើឡើង ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ រូបថត សហការី
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកកម្ពុជាលក្ខណ:អាជីពដ៏ធំមួយ ប្រចាំឆ្នាំ ២០២១ (Professional Leauge Cambodia 2021) លើប្រភេទវិញ្ញាសាដ៏ពេញនិយម Mobile Legends: Bang Bang ឬ MPL Cambodia 2021 នឹងត្រូវរៀបចំជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងខែសីហា ខាងមុខនេះ។
ការប្រកួតលក្ខណៈអាជីព Mobile Legends: Bang Bang: MPL នេះ គឺធ្លាប់តែមានការរៀបចំ នៅតាមបណ្តាប្រទេសផ្សេងៗ ទូទាំងពិភពលោក តែព្រឹត្តិការណ៍នេះ មិនធ្លាប់បានធ្វើនៅកម្ពុជាកន្លងមកនោះទេ ប៉ុន្តែកីឡាករអេឡិចត្រូវនិកកម្ពុជាមួយចំនួន ធ្លាប់បានទៅចូលរួមការប្រកួតនេះ ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ ផងដែរ ហើយក៏ធ្លាប់ដណ្តើមបានលទ្ធផលទៀតផង។
យ៉ាងណាក៏ដោយ នៅពេលនេះ ក្រុមហ៊ុន Moonton ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទូរស័ព្ទ Smart ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ផងនោះ បានរួមគ្នា នាំយកការប្រកួតលីគអាជីពដ៏ធំ MPL នេះ មកកាន់ប្រទេសកម្ពុជា ជាលើកដំបូង ហើយ MPL Cambodia 2021 នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយជំរុញឱ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ជាពិសេសលើប្រភេទវិញ្ញាសា Mobile Legends: Bang Bang កាន់តែរីកចម្រើន និងឈានឡើងសមត្ថភាពកាន់តែខ្ពស់ដើម្បីបោះជំហានទៅលើឆាកអន្តរជាតិ។
ដៃគូសហការខាងលើ បានឱ្យដឹងថា ការបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតជើងឯកលក្ខណៈអាជីព MPL Cambodia 2021 នេះឡើង គឺដោយសារតែវិស័យកីឡាអេឡិចត្រូនិកកម្ពុជា នៅពេលនេះ កំពុងទទួលបានការគាំទ្រ និងពេញនិយមខ្លាំង ពីអ្នកគាំទ្រ ក៏ដូចជាអ្នកស្រឡាញ់ចូលចិត្តកីឡា E-Sports ស្របតាមទីផ្សារអេឡិចត្រូនិកនៅកម្ពុជា ក៏កំពុងមានសន្ទុះខ្លាំង ហេតុនេះគេរំពឹងថា ក្រុមល្អៗ និងកីឡាករឆ្នើម ទូទាំងប្រទេសកម្ពុជា ដែលនិយមចិត្តប្រភេទកីឡាលេងតាមទូរសព្ទដៃ (MOBA) នឹងចូលរួមប្រកួតប្រជែងគ្នាច្រើន ក្នុងព្រឹត្តិការណ៍នេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ ក្រុមដែលដណ្តើមបានតំណែងជើងឯក នៅក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើន និងក៏នឹងក្លាយជាក្រុមតំណាងឱ្យកម្ពុជា សម្រាប់ទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខផងដែរ ហើយអ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍នេះ បានក្លាយជាផ្នែកដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យក្រុមអត្តពលិកអេឡិចត្រូនិកកម្ពុជាគ្រប់ក្រុមទាំងអស់ទទួលបានឱកាសបង្ហាញសមត្ថភាពពិតប្រាកដ ក្នុងលក្ខណៈប្រកួតអាជីព ដើម្បីអភិវឌ្ឍឱ្យកាន់តែមានជំនាញ និងសមត្ថភាពខ្ពស់។
មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយធ្វើឱ្យមានការទំនាក់ទំនងកាន់តែល្អ និងកាន់តែស្មើមុខមាត់ជាមួយកីឡាផ្សេងៗទៀត ដែលស្ថាប័នកីឡាអន្តរជាតិធំៗ កំពុងដាក់បញ្ចូលព្រឹត្តិការណ៍ MPL នេះទៅក្នុងការប្រកួតអន្តរជាតិទាំងក្នុងតំបន់ និងពិភពលោក ដើម្បីប្រកួតប្រជែង ដណ្តើមមេដាយដូចកីឡាផ្សេងៗទៀតដែរ។
ចំពោះការប្រកួត MPL Cambodia 2021 នឹងប្រព្រឹត្តទៅជា ៣ ដំណាក់កាល គឺការប្រកួតជម្រុះ ដែលនឹងត្រូវធ្វើ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៥ ខែសីហា ហើយបន្ទាប់ពីរកបានក្រុមគ្រប់ តាមតម្រូវការហើយ នឹងបន្តប្រកួតវគ្គសន្សំពិន្ទុ ដែលនឹងត្រូវធ្វើពីថ្ងៃ ២៨ ខែសីហា ដល់ថ្ងៃទី ១៩ ខែកញ្ញា ហើយចុងក្រោយជាការប្រកួតវគ្គខ្វែង រកក្រុមខ្លាំងឡើងទៅផ្តាច់ព្រ័ត្រ ដែលត្រូវធ្វើចាប់ពីថ្ងៃទី ១ ដល់ទី ៣ ខែ តុលា ឆ្នាំ ២០២១៕