ការ​ប្រកួតកីឡា​អេឡិចត្រូនិក​កម្រិត​អាជីព​ដ៏​ធំមួយ នឹង​ត្រូវ​រៀបចំជា​​លើក​ដំបូង​នៅ​កម្ពុជា
Phnom Penh Post
21 កក្កដា 2021 15:57

និមិត្តសញ្ញា​តំណាង​នៃ​ការ​​ប្រកួត ​MPL Cambodia 2021 ដែល​នឹង​ត្រូវ​ធ្វើ​ឡើង ជា​លើក​ដំបូង នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូប​ថត សហការី

ភ្នំពេញ៖ ព្រឹត្តិការណ៍​​ប្រកួតកីឡា​អេឡិចត្រូនិក​កម្ពុជាលក្ខណ​:​​អាជីព​ដ៏​ធំមួយ​ ប្រចាំ​ឆ្នាំ​ ២០២១ (Professional Leauge Cambodia ​2021) លើ​ប្រភេទ​វិញ្ញាសាដ៏ពេញ​និយម Mobile Legends: Bang Bang ឬ MPL Cambodia 2021 នឹង​ត្រូវ​រៀបចំ​ជា​លើកដំបូង នៅ​ក្នុងប្រទេស​កម្ពុជា ក្នុងអំឡុង​ខែ​​សីហា ខាងមុខ​នេះ។

ការ​ប្រកួត​លក្ខណៈ​អាជីព Mobile Legends: Bang Bang: MPL នេះ គឺ​ធ្លាប់​តែ​មានការ​រៀបចំ នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ ​ទូទាំង​ពិភព​លោក តែ​​ព្រឹត្តិការណ៍​​នេះ មិន​ធ្លាប់បាន​ធ្វើ​នៅ​កម្ពុជាកន្លង​មក​នោះ​ទេ ប៉ុន្តែ​​កីឡាករអេឡិច​ត្រូវ​និក​​កម្ពុជា​មួយ​ចំនួន ធ្លាប់​​បានទៅ​​ចូល​រួម​ការ​ប្រកួតនេះ ​ជា​បន្ត​បន្ទាប់​ នៅ​លើ​ឆាក​អន្តរជាតិ ផងដែរ ហើយ​ក៏​ធ្លាប់​ដណ្តើម​បាន​លទ្ធផល​​ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ នៅពេល​នេះ ​ក្រុម​ហ៊ុន Moonton ក្រោម​កិច្ច​សហប្រតិបត្តិការជាមួយ​​ក្រុម​ហ៊ុន​ទូរស័ព្ទ Smart ដោយ​​ទទួល​បាន​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ផង​នោះ បាន​រួមគ្នា នាំ​យក​ការ​ប្រកួត​លីគ​អាជីព​ដ៏​ធំ MPL នេះ មក​កាន់​​ប្រទេស​កម្ពុជា ជា​លើក​ដំបូង ហើយ​ MPL Cambodia 2021 នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​​ជួយ​ជំរុញ​ឱ្យ​​វិស័យ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ ជា​ពិសេស​លើ​ប្រភេទ​វិញ្ញាសា Mobile Legends: Bang Bang កាន់​តែ​រីក​ចម្រើន និង​ឈាន​ឡើងសមត្ថភាព​កាន់​តែ​ខ្ពស់​​ដើម្បី​បោះ​ជំហាន​ទៅ​លើ​ឆាក​អន្តរជាតិ។

ដៃគូសហការ​ខាង​លើ ​បាន​ឱ្យ​ដឹង​ថា ការ​បង្កើត​ឱ្យ​​មាន​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​លក្ខណៈ​អាជីព​ MPL Cambodia 2021 ​នេះ​ឡើង​ គឺ​​ដោយ​សារ​តែ​​​វិស័យ​កីឡា​អេឡិច​ត្រូនិក​​​កម្ពុជា​ នៅពេល​នេះ កំពុង​ទទួល​បាន​ការ​គាំទ្រ​ និង​ពេញ​និយម​ខ្លាំង ​ពី​​អ្នក​គាំទ្រ​ ក៏​ដូច​ជា​អ្នក​ស្រឡាញ់​ចូល​ចិត្ត​កីឡា E-Sports ស្រប​តាម​ទី​ផ្សារ​អេឡិចត្រូនិក​នៅ​កម្ពុជា​ ក៏​​​កំពុង​មាន​សន្ទុះ​ខ្លាំង ហេតុនេះគេ​រំពឹង​ថា ​ក្រុម​ល្អ​ៗ និង​កីឡាករ​ឆ្នើម ​ទូទាំង​ប្រទេសកម្ពុជា ​ដែល​និយម​ចិត្ត​ប្រភេទ​កីឡា​លេង​តាម​ទូរសព្ទ​ដៃ (MOBA) នឹង​ចូល​រួម​ប្រកួតប្រជែង​គ្នា​ច្រើន ក្នុង​ព្រឹត្តិការណ៍នេះ ដើម្បី​​អភិវឌ្ឍ​ខ្លួន​ឱ្យ​​កាន់​តែ​ល្អ​ប្រសើរ។

ជាមួយ​គ្នា​នេះ ក្រុម​ដែល​ដណ្តើម​បានតំណែង​​ជើងឯក នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដ៏​ច្រើន​ និង​ក៏នឹង​ក្លាយ​ជា​ក្រុម​តំណាង​ឱ្យ​​កម្ពុជា សម្រាប់​ទៅ​​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នា​ពេល​ខាង​មុខផងដែរ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ព្រឹត្តិការណ៍​នេះ បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់ ​ដែល​​ផ្តល់​ឱកាស​ឱ្យ​ក្រុម​​អត្តពលិក​អេឡិចត្រូនិក​កម្ពុជា​គ្រប់​ក្រុម​ទាំង​អស់​ទទួល​បាន​ឱកាស​បង្ហាញ​សមត្ថភាព​ពិត​ប្រាកដ​ ក្នុង​លក្ខណៈ​ប្រកួត​អាជីព ​ដើម្បីអភិវឌ្ឍ​​ឱ្យ​កាន់​តែ​មាន​ជំនាញ និង​សមត្ថភាព​ខ្ពស់​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើ​ឱ្យ​​មាន​ការ​ទំនាក់​ទំនង​កាន់​តែល្អ និង​កាន់តែ​​ស្មើ​មុខ​មាត់​ជា​មួយ​កីឡា​ផ្សេង​ៗ​ទៀត​ ដែល​ស្ថាប័ន​កីឡា​អន្តរជាតិ​ធំ​ៗ ​កំពុង​ដាក់​បញ្ចូល​​ព្រឹត្តិការណ៍ MPL នេះទៅ​ក្នុង​ការ​​ប្រកួត​​អន្តរជាតិ​ទាំង​ក្នុង​តំបន់ និង​ពិភព​លោក ​ដើម្បី​ប្រកួត​ប្រជែង ដណ្តើម​មេ​ដាយ​ដូច​កីឡា​ផ្សេង​ៗ​ទៀត​ដែរ។

ចំពោះ​ការ​ប្រកួត MPL Cambodia 2021 ​នឹង​ប្រព្រឹត្ត​ទៅជា ​៣​ ដំណាក់​កាល គឺ​ការ​ប្រកួត​ជម្រុះ ដែល​នឹង​ត្រូវ​ធ្វើ​ ចាប់​ពី​ថ្ងៃ​ទី ​៨ ដល់​ថ្ងៃ​ទី ​១៥ ខែ​សីហា ហើយ​បន្ទាប់​ពី​រក​បាន​ក្រុម​គ្រប់ ​តាម​តម្រូវ​ការ​ហើយ ​នឹងបន្ត​​ប្រកួតវគ្គ​សន្សំ​ពិន្ទុ​ ដែល​នឹង​ត្រូវ​ធ្វើ​ពី​ថ្ងៃ ២៨ ខែ​សីហា​ ដល់​ថ្ងៃ​ទី ​១៩ ខែ​កញ្ញា ហើយ​ចុងក្រោយ​ជា​ការ​​​ប្រកួត​វគ្គ​ខ្វែង រកក្រុម​ខ្លាំង​​ឡើងទៅ​​ផ្តាច់​ព្រ័ត្រ​ ដែល​ត្រូវ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី ​១ ដល់​ទី ​៣ ខែ​ តុលា ឆ្នាំ ​២០២១៕

Source: www.postkhmer.com